ភ្នំពេញៈ ខណៈមានការព្រមានពីកំណើនយ៉ាងលឿននៃការផ្តល់កម្ចីនៅកម្ពុជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីមួយទៀតបានបោះជើងចូលក្នុងទីផ្សារហិរញ្ញវត្ថុដ៏តូចចង្អៀតមួយនេះដើម្បីចាប់យកកំណើនតម្រូវការ។
កាលពីដើមសប្តាហ៍នេះ IMF បានចេញរបាយការណ៍មួយស្តីពីកំណើនឥណទានយ៉ាងរហ័សនៅកម្ពុជាដែលបង្ហាញពីហានិភ័យដ៏ធំដល់សេដ្ឋកិច្ច។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ដែលជាការវិនិយោគដោយវិនិយោគិនក្នុងស្រុកបានបើកដំណើរការផ្លូវការកាលពីថ្ងៃម្សិលមិញ។ ព្រីនស៍ ហ្វាយនែន ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចុះបញ្ជីផ្លូវការទី ៤៩ នៅកម្ពុជា។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភិអិលស៊ី បានថ្លែងថាគ្រឹះស្ថាន MFI ថ្មីនេះផ្តោតលើអតិថិជនទូទៅរួមទាំងជនបរទេសផងដែរជាមួយនឹងការផ្តល់ឥណទាន ៦ ប្រភេទដូចជាកម្ចីសម្រាប់ទិញគេហដ្ឋាន និងបុនហិរញ្ញប្បទានជាដើម។
ដោយមិនប្រាប់តួលេខទុនវិនិយោគលោកថ្លែងថាចាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិកាលពីចុងខែសីហា ព្រីនស៍ ហ្វាយនែន បានផ្តល់កម្ចីជិត ៣ លានដុល្លារទៅឲ្យអតិថិជនដែលភាគច្រើនគឺជាអាជីវករក្នុងអត្រាការប្រាក់ទាបជាង ២ ភាគរយក្នុងមួយខែ។ លោកថ្លែងថា៖ «ជាទូទៅគឺពួកគេ [អតិថិជន] យកលើ ៤០ លានរៀលព្រោះថាអាជីវកម្មរបស់ពួកគាត់មិនតូចពេកទេគឺមធ្យមអ៊ីចឹងពួកគាត់ត្រូវការទុនច្រើន»។
ព្រីនស៍ ហ្វាយនែន គ្រោងនឹងបើកសាខាពីរបន្ថែមទៀតនៅដើមឆ្នាំក្រោយ។
តាមលោក គិម វ៉ាដា អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាដែលថ្លែងក្នុងពិធីសម្ពោធនោះឥណទានសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ ២០១៥ កើនឡើងជិត ៥៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ១១ ពាន់លានរៀលដែលផ្តល់ទៅឲ្យអតិថិជនសរុបជិត ២ លាននាក់។
លោក ប៊ុន មុនី អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា និងជាប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានស្វាគមន៍ចំពោះការមកដល់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីនេះ។ លោកថ្លែងថា៖ «យើងចង់មានស្ថាប័នមីក្រូហិរញ្ញវត្ថុឲ្យច្រើនដើម្បីឲ្យមានការប្រកួតប្រជែង»។
ទីផ្សារឥណទានរបស់កម្ពុជាបានកើនឡើងក្នុងកម្រិតប្រហែល ៣០ ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះដែលលឿនជាងរង្វង់សុវត្ថិភាពក្នុងការការពារវិស័យហិរញ្ញវត្ថុពីវិបត្តិសេដ្ឋកិច្ច និងការធ្លាក់ចុះ។
ក្នុងរបាយការណ៍ IMF បានផ្តល់អនុសាសន៍តម្រូវឲ្យមានគោលនយោបាយតឹងរ៉ឹងក្នុងការបន្ទាបការផ្ដល់កម្ចី និងកាត់បន្ថយការប៉ះពាល់។
ប៉ុន្តែលោក ប៊ុន មុនី មិនយល់ស្របទៅនឹងការលើកឡើងរបស់ IMF ទេដោយអះអាងថាគោលនយោបាយតឹងរ៉ឹងដែលមានស្រាប់មានភាពសមរម្យស្របតាមស្ថានភាពហិរញវត្ថុបច្ចុប្បន្ន។ លោកថ្លែងថា៖ «អនុបាតដើមទុនខាងយើងអនុវត្ត ១៥ ភាគរយនៅពេលដែលប្រទេសនានាគេយកតែ ៨ ភាគរយ។
យើងខ្ពស់ជាងគេចង់ពីរដងរួចទៅហើយ។ ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីអនុវត្តតែ ៧ ទៅ ៨ ភាគរយហ្នឹង»។ លោកបន្តថាការរីកចម្រើនលឿនក្នុងវិស័យធនាគារគឺជាកត្តានាំមុខមួយក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសទាំងមូលហើយការរីកចម្រើនរបស់វិស័យហិរញ្ញវត្ថុនឹងនាំឲ្យកត្តាផ្សេងទៀតរីកចម្រើនផងដែរ។
លោកបានថ្លែងថា៖ «បើសិនគ្មានហិរញ្ញវត្ថុទេខ្ញុំជឿថាវិស័យផ្សេងៗក៏ទៅមិនរួចដែរ»៕