និយាយបណ្ដើរ ដៃលើកកែវតែពិសាបណ្ដើរ ស្ត្រីវ័យកណ្ដាលម្នាក់បានអះអាងថាគ្រួសារអ្នកស្រីមានដីធ្លី និងផ្ទះសំបែងមួយចំនួនស្ថិតនៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ឆ្នាំងដែលមានតម្លៃរាប់សិបម៉ឺនដុល្លារបើទោះបីអ្នកស្រីមិនអាចបញ្ជាក់ពីតម្លៃជាក់លាក់ក៏ដោយ។ថ្លែងក្នុងទឹកមុខរួសរាយរាក់ទាក់នៅក្នុងកិច្ចសម្ភាសមួយជាមួយភ្នាក់ងារយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ អ្នកស្រី សេង សុវឌ្ឍធារី អាយុ ៤៤ ឆ្នាំដែលជាគិលានុបដ្ឋាយិកាបម្រើការនៅក្នុងរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា ទ្រព្យសម្បត្តិទាំងនោះបានមកពីការខិតខំប្រឹងប្រែងប្រកបដោយការច្នៃប្រឌិតរបស់អ្នកស្រី និងស្វាមី ហើយមួយផ្នែកទៀតបានមកពីប្រាក់ដែលអ្នកស្រីបានវិនិយោគទៅក្នុងតុងទីនអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ជាភរិយារបស់ស្វាមីដែលជាគ្រូបង្រៀន និងជាម្ដាយរបស់កូនប្រុសម្នាក់ និងស្រីម្នាក់ អ្នកស្រី សុវឌ្ឍធារី មានប្រសាសន៍ថា៖ «យើងគិតថាប្រាក់ខែយើងបានមករាយៗយើងមិនអាចយកទៅធ្វើអ្វីធំដុំបាននោះឡើយ។ បើយើងសន្សំក៏មិនងាយដែរ។ នៅពេលយើងលេងតុងទីនអ៊ីចឹងទៅយើងអាចបង់បន្តិចម្ដងៗ និងទទួលបានការប្រាក់ជាបន្ទាប់។ នៅពេលយើងប្រមូលយើងទទួលបានលុយដុំហើយយើងអាចដោះស្រាយបញ្ហាមួយចំនួនបាន។ បើយើងត្រូវការទិញផ្ទះ ឬដីយើងអាចដេញតុងទីន»។អ្នកស្រីអះអាងថា តុងទីន គឺជា វិធីងាយស្រួលបំផុតសម្រាប់កៀរគរប្រភពហិរញ្ញវត្ថុយកទៅអភិវឌ្ឍជីវភាពគ្រួសារ និងបង្កើតប្រភពហិរញ្ញវត្ថុថ្មីបន្ថែមទៀតហើយវាក៏ជាវិធីគៀងគរហិរញ្ញវត្ថុដ៏ពេញនិយមផងដែរនៅក្នុងចំណោមប្រជាជនកម្ពុជាជាជាងការប្រើប្រាស់សេវា និងកម្ចីផ្ដល់ដោយធនាគារ និងគ្រឹះស្ថានម៉ាក្រូហិរញ្ញវត្ថុដែលមានចំនួនដ៏ច្រើននៅទូទាំងប្រទេសកម្ពុជា។ស្ត្រីដែលអះអាងថានៅតែបន្តវិនិយោគប្រាក់ជិត ២ ពាន់ដុល្លារក្នុងមួយខែទៅលើតុងទីនទាំងនៅរស់ និងងាប់នោះបានបន្ថែមថា៖ «បើវិធីធនាគារយើងដឹងស្រាប់ហើយថាធនាគារបានផ្ដល់អត្រាការប្រាក់ទាបបើប្រៀបធៀបទៅនឹងតុងទីនប្រជាជនកម្ពុជាមិនជ្រើសរើសកម្ចីធនាគារដោយសារធនាគារផ្ដល់កម្ចីក្នុងទំហំមានកំណត់ហើយវាពាក់ព័ន្ធនឹងបែបបទផ្លូវច្បាប់។ អ្នកត្រូវការប្រាក់មានអារម្មណ៍ខ្មាស់គេដោយសារគាត់ខ្ចីលុយគេ។ គាត់គិតរឿងកិត្តិយសរបស់គាត់នៅពេលទៅបញ្ជាក់នៅឃុំ ឬសង្កាត់»។ដោយបានសង្កេតឃើញដោយផ្ទាល់នូវក្រុមកម្មករកម្មការិនី និងមនុស្សដែលបានធ្វើចំណាកស្រុកមកពីបណ្ដាខេត្តនានាមកស្នាក់នៅរាជធានីភ្នំពេញ អ្នកស្រី សុវឌ្ឍធារី បានឲ្យដឹងថាមិនមែនប្រជាពលរដ្ឋទាំងនោះមិនដឹងថាកម្ចីធនាគារមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់តុងទីននោះឡើយប៉ុន្តែពួកគាត់ពុំមានអចលនទ្រព្យផ្ទាល់ខ្លួនសម្រាប់យកទៅតម្កល់ដើម្បីទទួលបានកម្ចីពីធនាគារនោះឡើយ។ទោះបីតុងទីនជាវិធីកៀរគរហិរញ្ញវត្ថុងាយស្រួលក៏ដោយប៉ុន្តែវាមានហានិភ័យខ្ពស់ណាស់។ ជាក់ស្ដែងអ្នកស្រី សុវឌ្ឍធារី ផ្ទាល់ធ្លាប់ជាជនរងគ្រោះម្ដងនៃការលេងតុងទីនតម្លៃ ១០០ ដុល្លារជាមួយក្រុមមួយដែលមានមេតុងទីនជាសាច់ញាតិមិត្តភក្តិ និងមានសមាជិកសរុបរហូតដល់ ៤៣ នាក់កាលពីឆ្នាំ ២០១១ ដោយអ្នកស្រីខាតបង់ប្រាក់អស់ជិត ២ ពាន់ដុល្លារ។ដោយធ្លាប់ឆ្លងកាត់បទពិសោធបែបនេះអ្នកស្រី សុវឌ្ឍធារី បានផ្ដល់ជាមតិថាអ្នកលេងតុងទីនគួរកុំវិនិយោគប្រាក់ជាមួយមេតុងទីនមានប្រភពមិនច្បាស់លាស់ និងក្រុមតុងទីនដែលធានាផ្ដល់អត្រាការប្រាក់ខ្ពស់ហួសហេតុ។ ផ្ទុយទៅវិញតុងទីនគួរត្រូវបានគេលេងនៅក្នុងចំណោមសមាជិកធ្វើការក្នុងស្ថាប័នការងារដូចគ្នាដើម្បីបញ្ចៀសហានិភ័យ។ទោះជាយ៉ាងណាអ្នកស្រី សុវឌ្ឍធារី មិនមែនជាជនរងគ្រោះតែម្នាក់គត់នៃការលេងតុងទីននោះឡើយ។លោក អ៊ាន តែន ដែលជាមន្ត្រីរាជការម្នាក់នៅខេត្តត្បូងឃ្មុំ ក៏ធ្លាប់ខាតបង់ប្រាក់ជិត ២ ពាន់ដុល្លារផងដែរកាលពីឆ្នាំ ២០១០ បន្ទាប់ពីបានចុះឈ្មោះជាសមាជិកនៃតុងទីនដែលមានមេជាអ្នកភូមិម្នាក់ និងសមាជិកជិត ១០០ នាក់។លោក អ៊ាន តែន ប្រាប់ថា៖ «ខ្ញុំឈប់លេងជាមួយក្រុមដែលមានសមាជិកជាអ្នកភូមិហើយ។ សព្វថ្ងៃនេះខ្ញុំនៅបន្តលេងជាមួយក្រុមដែលមានសមាជិកសុទ្ធតែជាគ្រូបង្រៀនដូចគ្នា។ យើងមិនបើកចំហរសម្រាប់អ្នកភូមិធម្មតាទេដោយសារយើងពិបាកប្រមូលប្រាក់ពីពួកគាត់»។តុងទីនត្រូវបានលោក អ៊ុំ វុទ្ធតារា សាស្ត្រាចារ្យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាចាត់ទុកជាទីផ្សារហិរញ្ញវត្ថុក្រៅផ្លូវការដ៏សំខាន់ផងដែរនៅក្នុងប្រទេសកម្ពុជាខណៈដែលប្រទេសនេះពុំទាន់មានច្បាប់ដាច់ដោយឡែកណាមួយសម្រាប់គ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុបែបនេះនៅឡើយ។លោក អ៊ុំ វុទ្ធតារ៉ា សាស្ត្រាចារ្យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាមានប្រសាសន៍ថា៖ «ក្នុងន័យសេដ្ឋកិច្ចវាប្រៀបបាននឹងទីផ្សារហិរញ្ញវត្ថុដែលជាលំហូរសាច់ប្រាក់រវាងអ្នកមានប្រាក់ទៅអ្នកពុំមានប្រាក់គ្រប់គ្រាន់សម្រាប់វិនិយោគ»។ដោយទទួលស្គាល់ពីអត្ថប្រយោជន៍នៃការលេងតុងទីននៅក្នុងសង្គមកម្ពុជា លោក វុទ្ធតារា ស្នើឲ្យមានច្បាប់សម្រាប់គ្រប់គ្រងលំហូរហិរញ្ញវត្ថុក្រៅប្រព័ន្ធមួយនេះ ដើម្បីការពារផលប្រយោជន៍នៃសមាជិកនីមួយៗ និងបញ្ចៀសហានិភ័យ ដែលលោកយល់ថា មានកម្រិតខ្ពស់នៅក្នុងចំណោមពលរដ្ឋកម្ពុជាលេងតុងទីន។យោងតាមរបាយការណ៍ស្រាវជ្រាវដោយលោក ម៉ែន ហាវលាវ បានឲ្យដឹងថា តុងទីន ត្រូវបានប្រជាជនកម្ពុជាអនុវត្តយ៉ាងទូលំទូលាយ។ វាជាវិធីងាយស្រួលសម្រាប់សន្សំ និងខ្ចីប្រាក់ បើធៀបទៅនឹងដំណើរការកម្ចីប្រាក់តាមប្រព័ន្ធធនាគារ។លោក ម៉ែន ហាវលាវ បានសរសេរថា៖ «អ្នកលេងតុងទីន ជឿថា កម្រៃទទួលបានពី តុងទីន មានកម្រិតខ្ពស់ជាងកម្រៃទទួលបានពីវិធីសន្សំផ្សេងទៀត។ តុងទីន គឺជាវិធីសាស្ត្រកៀរគរហិរញ្ញវត្ថុដ៏មានប្រជាប្រិយក្នុងសហគមន៍កម្ពុជា»។តុងទីន ត្រូវបានគេជឿជាក់ថាមានប្រភពមកពីអឺរ៉ុបកាលពីសតវត្សរ៍ទី១៧ហើយវារីករាលដាលខ្លាំងនៅសតវត្សរ៍ទី១៨ និង១៩។យោងតាមសៀវភៅ «Migration and Immigration: A Global View» បានឲ្យដឹងថា តុងទីនបានរីកដុះដាលដំបូងឡើយនៅក្នុងចំណោមពលរដ្ឋកម្ពុជាខ្សែសែឡាយ ចិន។ សមាជិកម្នាក់ៗ ត្រូវចូលរួមបង់ប្រាក់ក្នុងចំនួនកំណត់ជាក់លាក់ទៅដល់មេតុងទីន ហើយការដេញថ្លៃត្រូវបានធ្វើឡើងក្នុងចំណោមសមាជិកទាំងអស់នៅរៀងរាល់ពេលវេលាជាក់លាក់មួយ។ សមាជិក ដែលដាក់ការប្រាក់ខ្ពស់ នឹងទទួលបានប្រាក់ពីសមាជិកដទៃទៀត ដោយកាត់ចេញអត្រាការប្រាក់៕